ចោរ១នាក់ថ្លើមធំហ៊ានលួចគោអ្នកស្រុក៣ក្បាលដឹកតាមរថយន្តត្រូវនគរបាលស្រុកស្វាយចេកចាប់ឃាត់ខ្លួន
(បន្ទាយមានជ័យ):ចោរ១នាក់មិនដឹងថ្លើមប៉ុណ្ណាហ៊ានលួចគោអ្នកស្រុក៣ក្បាលដឹកតាមរថយន្ត ត្រូវនគរបាលស្រុកស្វាយចេកឃាត់ខ្លួនបាននៅវេលាម៉ោង ១រំលងអាធ្រាត្រយប់ ចូលថ្ងៃទី ២៦ខែ កក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ ៥៦A ចំណុចមុខវិទ្យាល័យ កកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ចោរលួចគោនោះមាន ឈ្មោះ សោន ម៉ាញ ភេទប្រុសអាយុ ៤៥ឆ្នាំ រស់នៅភូមិស្នោ ឃុំត្រពាំងស្នោ ស្រុកព្រះវិហារ ខេត្តព្រះវិហារ ។លោកបានបន្តថាការឃាត់ចោរនេះបានក្រោយពីទទួលព័ត៌មានពីម្ចាស់គោ ឈ្មោះ វ៉ាត់ ផុន ភេទប្រុសអាយុ៥៣ឆ្នាំ នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យថា នៅយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ មានចោរចូលលួចគោញីរបស់គាត់ដល់ទៅចំនួន៣ក្បាល ដែលចងទុកនៅនឹងផ្ទះ ដឹកតាមរថយន្តម៉ាកហុកឡកូរេ ពណ៌ខៀវ ពាក់ស្លាកលេខ កំពត ២A ០៥៩៥ ។ក្រោយពីបានទទួលព័ត៍មានហើយ លោកបានដឹកនាំកំលាំងនគរបាល១ក្រុមចាំស្ទាក់ផ្លូវចេញចូលទៅភូមិប្រាសាទលុះនៅវេលាម៉ោងជិត២យប់ឈានចូលថ្ងៃទី២៦ស្រាប់ឃើញរថយន្តដូចមានភិនភាគម្ចាស់គោបានរាយការណ៍កំពុងបើកនៅលើផ្លូវជាតិលេខ៥៦A កម្លាំងនគរបាលបានធ្វើការឃាត់ត្រួតពិនិត្យបានឃើញមានដឹកគោញីចំនួន៣ក្បាលពិតប្រាកដ ។
លោកអធិការបានបញ្ជាក់ថាដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលខេត្ត ឃាត់ខ្លួនទាំងគោនិងអ្នកបើករថយន្ត យកមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសួរនាំនិងចាត់ការតាមនិតិវិធីច្បាប់ចំណែកសត្វគោទាំង៣ក្បាល ប្រគល់ជូនម្ចាស់ដើមវិញ៕