ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តសិស្សជាប់ និងធ្លាក់បាក់ឌុប នៅខេត្តព្រៃវែង បន្តចាប់យកក្ដីស្រមៃលើវិថីសិក្សាច្រើនជម្រើសទៀត ………………….ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ មិនថាសិស្សដែលជាប់និទ្ទេសA និងមិនជាប់និទ្ទេសA និងសិស្សដែលប្រឡងធ្លាក់ផងនោះ ត្រូវបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ឬជ្រើសរើសជំនាញណាមួយឱ្យច្បាស់លាស់ ដែលត្រូវនឹងទេពកោសល្យ និងឧបនិស្ស័យរបស់ខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញណែនាំយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ បង្រៀនវគ្គបំប៉ន និងសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ១៥៤នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លទ្ធផលនៃការប្រឡងកន្លងមកនេះ និងតទៅមុខទៀតក្ដី ទោះបីជាប់ ឬធ្លាក់គឺមិនទាន់បានកំណត់នូវជោគវាសនា ឬអនាគតរបស់ខ្លួនបានឡើយ ប្រសិនបើមិនមានការព្យាយាម តស៊ូបង្កើនសមត្ថភាពក្រេបយកចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍខ្លួន និងសមស្របទៅតាមទីផ្សារការងារ ដែលកំពុងត្រូវការនាពេលបច្ចុប្បន្ន។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឆ្លៀតថ្លែងអំណរគុណភាគីពាក់ព័ន្ធដែលបានចូលរួមពង្រឹងគុណភាពអប់រំនៅខេត្តព្រៃវែង ជាពិសេសការបង្រៀនបំប៉នពីសំណាក់លោកគ្រូ អ្នកគ្រូ ស័្មគ្រចិត្ត ដែលទទួលបានការគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ព្រមទាំងការជំរុញបន្ថែមពីឪពុកម្ដាយ អាណាព្យាបាល និងការស័្វយសិក្សាស្រាវជ្រាវដោយខ្លួនឯងរបស់សិស្សានុសិស្ស។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ទៀតថា ផ្លែផ្កានៃការអប់រំបណ្ដុះបណ្ដាលដល់សិស្សគ្រប់កម្រិត ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ព្រមទាំងការចាប់យកមុខជំនាញផ្សេងៗរបស់សិស្ស និស្សិត រួមទាំងសិស្សមិនជាប់បាក់ឌុប គឺជាក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ទាំងនីតិកាលមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចមានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ និងបន្តមកដល់បច្ចុប្បន្ន គឺយុទ្ធសាស្ត្របញ្ចកោណ។ ឯកឧត្តមះភិសន្តិបណ្ឌិត បន្តមានប្រសាសន៍ទៀតថា ក្រោមការចូលរួមរបស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលចុះជួយខេត្តព្រៃវែង អាជ្ញាធរពាក់ព័ន្ធ មន្ទីរអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បាននិងកំពុងខិតខំបំពេញការងារប្រកបស្មារតីដោយយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់សេវាអប់រំ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈគ្រប់ប្រភេទ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា។ ក្នុងឱកាសនោះ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ជូនម៉ូតូ ដល់សិស្សដែលទទួលបាននិទ្ទេស A ទាំង ១៥៤នាក់ ដោយក្នុងម្នាក់ៗ ម៉ូតូ ចំនួន ១គ្រឿង និងថវិកា ព្រមទាំងសម្ភារៈមួយចំនួនផងដែរ។ជាមួយគ្នានោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភថវិកា និងសម្ភារៈ ជូនដល់លោកគ្រូ អ្នកគ្រូ ដែលបានស្ម័គ្រចិត្តបង្រៀនវគ្គបំប៉ន ដោយឥតគិតថ្លៃ ដល់សិស្សថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ ព្រមទាំងលោកនាយក និងលោកស្រីនាយិកា សាលាដែលមានសិស្សទទួលបាននិទ្ទេស A ទាំង ២៧វិទ្យាល័យ ក្នុងខេត្តព្រៃវែង។សូមបញ្ជាក់ថា សិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះ នៅទូទាំងខេត្តព្រៃវែង មានចំនួនសរុប ៧.៨៩៩នាក់ ស្មើនឹង ៨៦.៦១% ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ១៥៤នាក់ សិស្សទទួលបាននិទ្ទេស B ចំនួន ៦៧៦នាក់ សិស្សនិទ្ទេស C ចំនួន ១.៨៦៨នាក់ សិស្សនិទ្ទេស D ចំនួន ២.៩១២ នាក់ និងសិស្សនិទ្ទេស E មានចំនួន ២.៣៣៣នាក់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់នូវការឧបត្ថម្ភលើកទឹកចិត្តដល់សិស្សានុសិស្សជាប់និទ្ទេស A ចំនួន ១៥៤នាក់ ក្នុងម្នាក់ទទួលបានម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ព្រមទាំងផ្ដល់ជូនថវិកាជូននាយកសាលា និងលោកគ្រូ អ្នកគ្រូបង្រៀនស្ម័គ្រចិត្តថ្នាក់ទី១២ (គ្រូបំប៉ន) ទាំង ២៣១នាក់ផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ