បណ្ឌិត ទូច វណ្ណៈ ៖ សូមឱ្យទិសស្លោក «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ចារឹកជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូប………………….ភ្នំពេញ ៖ លោកបណ្ឌិត ទូច វណ្ណៈ តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះសារក្រោមចំណងជើងថា “សូមឱ្យទិសស្លោក «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ចារឹកជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូប”។តាមរយៈចំណងជើងនេះ លោកបណ្ឌិត ទូច វណ្ណៈ បានសរសេរខ្លឹមសារថា ជម្លោះព្រំដែនកម្ពុជា-ថៃ រហូតឈានដល់ការបិទព្រំដែន និងការនាំចូលទំនិញគ្រប់មុខ ពីប្រទេសជិតខាងមួយនេះ មួយអន្លើដោយយុទ្ធនាការផ្សព្វផ្សាយផលិតផលក្នុងស្រុក តាមរយៈការបង្កើតឱ្យមានវេទិកា ឬកម្មវិធីពិព័រណ៍បង្ហាញផលិតផលខ្មែរ បានធ្វើឱ្យផលិតផលក្នុងស្រុកគ្រប់ប្រភេទ ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់ពលរដ្ឋខ្មែរ នៅទូទាំងប្រទេស។ក្នុងសំណេរដដែល លោកបណ្ឌិត បានបន្តថា ជាក់ស្តែង កាលពីពេលថ្មីៗនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន ៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដោយមានការតាំងផលិតផលចម្រុះដ៏សម្បូរបែបមកពីគ្រប់វិស័យ សរុបចំនួន ២៨៣ស្តង់ ទទួលបានការគាំទ្រពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនសន្ធឹកសន្ធាប់។លោកបណ្ឌិត ទូច វណ្ណៈ បានបន្តទៀតថា ការណ៍នេះ ត្រូវបានមជ្ឈដ្ឋានអ្នកតាមដានសេដ្ឋកិច្ច រួមទាំងផលិតករក្នុងស្រុកផងដែរ មើលឃើញថា ជាឱកាសមាសសម្រាប់សហគ្រិន និងអ្នកផលិតក្នុងស្រុក បញ្ចេញសមត្ថភាព បង្ហាញស្នាដៃផលិតទំនិញ ដើម្បីជំនួសទំនិញគ្រប់ប្រភេទ ដែលធ្លាប់ត្រូវបាននាំចូលយ៉ាងភ្លូកទឹកភ្លូកដីពីប្រទេសថៃ។លោកបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំពិតជាចង់ឃើញវត្តមានទំនិញគ្រប់ប្រភេទជាផលិតផលក្នុងស្រុក និងផលិតឡើងដោយកូនខ្មែរពិតៗ ដាក់តាំងលក់នៅតាមទីផ្សារនានា ដើម្បីបម្រើឱ្យតម្រូវការក្នុងស្រុក ហើយអាចមានឈានទៅប្រកួតប្រជែងនៅទីផ្សារខាងក្រៅប្រទេសថែមទៀតផង។ លោកបណ្ឌិត ទូច វណ្ណៈ បានគូសបញ្ជាក់ដែរថា ក្នុងន័យនេះ បើសិនជាអ្នកផលិត ឬឧស្សាហកម្មនៅក្នុងស្រុករបស់យើង មិនទាន់មានលទ្ធភាពផលិតទំនិញប្រភេទ ឧស្សាហកម្មធុនធ្ងន់ ដូចជា៖ គ្រឿងម៉ាស៊ីន យានយន្ត ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ទនៈ រួមទាំងបច្ចេកវិទ្យាជាដើម ក៏សូមត្រឹមតែផលិតនូវប្រភេទទំនិញដែលមានលក្ខណៈចាំបាច់ ឆ្លើយតបទៅនឹងតម្រូវការជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋសិនក៏បាន។ ប្រភេទទំនិញ ដូចជា៖ បន្លែ ត្រីសាច់ គ្រឿងទេសគ្រប់ប្រភេទ សម្ភារផ្ទះបាយ ផលិតផលសាប៊ូគ្រប់ប្រភេទសម្រាប់ដុសខ្លួន លាងចាន ថ្នាំដុសធ្មេញ។ល។ គួរតែមានការដាំដុះ ចិញ្ចឹម និងផលិតឱ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីបង្គ្រប់តម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។សំណេរបន្ត លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ជាមួយគ្នានេះ ខ្ញុំយល់ថា ដើម្បីឆក់យកបេះដូងអ្នកប្រើប្រាស់ក្នុងស្រុកបាន ផលិតករ ក៏ដូចជាសហគ្រិនក្នុងស្រុក គួរផ្តោតលើគុណភាពឱ្យត្រូវតាមកម្រិតស្តង់ដារទំនិញ ដែលនាំចូលមកពីក្រៅ និងធានានូវតម្លៃសមរម្យថែមទៀតផង។ ក្នុងន័យនេះដែរ អ្នកផលិតក្នុងស្រុក មិនគួរឆ្លៀតឱកាសកេងចំណេញពីឆន្ទៈ និងមនសិការកូនខ្មែរគ្រប់រូប ដែលបាននិងកំពុងនាំគ្នាគាំទ្រផលិតផលជាស្នាដៃខ្មែរ យ៉ាងពេញទំហឹងនាគ្រានេះឡើយ។ សូមចូលរួមធ្វើអាជីវកម្មដោយឈរលើស្មារតីសុចរិតភាពទាំងអស់គ្នា ដើម្បីធានាថា គ្រប់មុខទំនិញទាំងអស់ ដែលជាស្នាដៃផលិតដោយផលិតករខ្មែរក្នុងស្រុក ជាទំនិញដែលមានគុណភាព ពិសេសមានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ ទាំងក្នុងនិងក្រៅប្រទេស។លោកបណ្ឌិត ទូច វណ្ណៈ បានបន្តសំណេរយ៉ាងដូច្នេះថា បើសហគ្រិនខ្មែរ អ្នកផលិតខ្មែរ ផលិតទំនិញគ្រប់ប្រភេទ ឱ្យអ្នកប្រើប្រាស់ជាខ្មែរបានកាន់តែច្រើន នោះកម្ពុជា នឹងកាន់តែរឹងមាំ ព្រមទាំងអាចកាត់បន្ថយការចំណាយទៅលើការនាំចូលទំនិញគ្រប់ប្រភេទ ដែលមានទំហំទឹកប្រាក់ក្នុងរង្វង់ជាង ២០ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំថែមទៀតផង។ បើផលិតករក្នុងស្រុក និងសហគ្រិនកូនខ្មែរ រួមគ្នាធ្វើបានមែននោះ ខ្ញុំជឿជាក់ថា បរទេស ជាពិសេសប្រទេសជិតខាង ដែលធ្លាប់តែមាក់ងាយខ្មែរ ដៀលខ្មែរ ពិសេសក្នុងពេលដែលកំពុងកើតមានជម្លោះព្រំដែនជាមួយគ្នានេះ ពិតជាមិនហ៊ានវាយឫក និងប្រមាថមាក់ងាយខ្មែរទៀតនោះឡើយ។លោកបណ្ឌិត បន្តទៀតថា ជាមួយគ្នានេះ អ្វីដែលខ្ញុំចង់ឃើញដែរនោះ ការតាំងនៅជារៀងរហូតនូវសន្ទុះនៃការគាំទ្រនិងប្រើប្រាស់ផលិតផលខ្មែររបស់ប្រជាជនខ្មែរគ្រប់រូប។ សូមកុំគាំទ្រតែពេលដំបូង ហើយក្រោយមកនាំគ្នារត់ចោលផលិតផលខ្មែរ(ឈប់ប្រើ) បែរទៅគាំទ្រទំនិញបរទេសវិញ នាំឱ្យអ្នកផលិត ត្រូវខាតឡុងចុង ផុងខ្លួនជាប់បំណុលនៅទីបំផុត។ជាមួយគ្នានេះ លោកបណ្ឌិត ទូច វណ្ណៈ បានសង្កត់ធ្ងន់ដែរថា បើមានត្រឹមតែឆន្ទៈអ្នកផលិត និងអ្នកប្រើប្រាស់ ក៏មិនទាន់ប្រាកដថា អាចធ្វើឱ្យផលិត ឬទំនិញខ្មែរ នៅឈរជើងបានរឹងមាំនោះឡើយ គឺនៅមានតួអង្គដ៏សំខាន់ ហើយដែលមិនអាចមើលរំលងបាននោះគឺឆន្ទៈរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការជំរុញ លើកស្ទួយ និងគាំទ្រផលិតផលខ្មែរបន្ថែមទៀត ទើបធានាបានថា ខ្មែរមានផលិតផល ខ្មែរប្រើប្រាស់ផលិតផលដែលដាំដុះ ចិញ្ចឹម និងផលិតដោយសហគ្រិននិងកូនខ្មែរ។ ចុងបញ្ចប់នៃសំណេរនោះ លោកបណ្ឌិត ទូច វណ្ណៈ បានអំពាវនាវ សូមរួមគ្នាលើកកម្ពស់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវផលិតផលខ្មែរ តាមស្មារតីនៃពាក្យស្លោក «ខ្មែរធ្វើបាន ៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» និងសូមឱ្យទិសស្លោកនេះ ចារឹកជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូបតរៀងទៅ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ