លោក រ៉េន រតនៈ រំពឹងខ្ពស់ថានឹងបន្តទទួលបានជោគជ័យជូនរាជរដ្ឋាភិបាលនិងប្រជាជន ក្នុងដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅប្រទេសវៀតណាម……………….ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច ចូលរួមកិច្ចប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្តម លឿង តាមខ្វាង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅរដ្ឋធានីហាណូយ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ថ្លែងក្នុងសន្និសីតសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត នឹងមានជំនួបទ្វេភាគីក្នុងកិច្ចប្រជុំចង្អៀត ជាមួយ ឯកឧត្តម លឿង តាមខ្វាង ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗក្នុងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ផ្លាស់ប្ដូរយោបល់អំពីសភាពការណ៍តំបន់ និងពិភពលោក មុននឹងអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំ។ លោកបន្តថា ក្នុងកិច្ចប្រជុំវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៤ និងចុះហត្ថលេខាលើផែនការសហប្រតិបត្តិការ ឆ្នាំ២០២៥ នោះ ភាគីទាំងពីរនឹងបន្តផ្លាស់ប្ដូរព័ត៌មាន និងការយល់ឃើញអំពីសភាពការណ៍សាកល សភាពការណ៍ប្រទេសរៀងខ្លួន ទាំងស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសន្តិសុខទូទៅ រួមទាំងបញ្ហាគ្រឿងញៀន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (Online Scam) មុននឹងពិនិត្យចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥។ បើតាមលោក រ៉េន រតនៈ ផែនការសហប្រតិបត្តិការឆ្នាំ២០២៥ ជាយន្តការដ៏មានសារៈសំខាន់ ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក្នុងកិច្ចការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងនាមជាប្រទេសក្បែរខាង។ អ្នកនាំពាក្យដដែល បានសម្ដែងក្ដីជឿជាក់ថា ភាពល្អប្រសើរនៃទំនាក់ទំនងដែលរក្សាបានតាំងពីរាជរដ្ឋាភិបាលនីតិកាលទី៦កន្លងទៅ ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងក្នុងវិស័យមហាផ្ទៃ មាន សម្ដេចក្រឡាហោម ស ខេង ជាអតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាពិសេសតាមរយៈការពូនជ្រុំបន្ថែមទៀតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ទស្សនកិច្ចរបស់ឯកឧត្តមអភិសន្តិបណ្ឌិត នៅសាធារណរដ្ឋសង្គមនិយមវៀតណាមលើកនេះ នឹងបន្តនាំមកនូវផលប្រយោជន៍ថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ។ ដោយឡែកគណៈប្រតិភូដែលចូលរួមដំណើរទស្សនកិច្ចនេះ រួមមានលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមសន្តិបណ្ឌិតរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ លោកជំទាវអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយកធនធានមនុស្ស ឯកឧត្តមអគ្គនាយកភស្តុភារនិងហិរញ្ញវត្ថុ ឯកឧត្តមប្រធានក្រុមប្រឹក្សានីតិកម្ម ឯកឧត្តម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមអគ្គនាយកអត្តសញ្ញាណកម្ម ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម អគ្គនាយកពន្ធនាគារ ព្រមទាំងសហការីមួយចំនួនទៀត៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ