ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញលើកទឹកចិត្តនគរបាល ជាប់ទៅសិក្សានៅតួកគី ខិតខំអភិវឌ្ឍខ្លួនស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល…………………….ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញដល់សិស្សនគរបាលមួយក្រុម ដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី ខិតខំរៀនសូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិនិងប្រជាជន ស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ខិតខំសម្របសម្រួលដើម្បីផ្ដល់ឱកាសសិក្សារៀនសូត្រនៅប្រទេសតួកគី ដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា។ការថ្លែងជំរុញនិងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រូ និងនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។ បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត មាននគរបាល ជាពិសេសនគរបាលបន្តវេន ច្រើននាក់ណាស់ ដែលចង់បានឱកាសទៅសិក្សានៅក្រៅប្រទេស ប៉ុន្តែក្នុងចំណោមនោះមានតែសិស្សជ័យលាភី ដែលមានលក្ខណៈសម្បត្តិសមស្របដូចសិស្សនគរបាលនាជំនួបនេះតែប៉ុណ្ណោះ ដែលអាចទទួលបានឱកាសទៅសិក្សាស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសសម័យដែលផ្ដល់អាហារូបករណ៍។ ដូច្នេះឯកឧត្តម សង្ឃឹមថា សិស្សអាហារូបករណ៍ នឹងមិនធ្វើឱ្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ខកបំណងឡើយ។ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់និស្សិតនគរបាលទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងដកស្រង់បទពិសោធឱ្យបានច្រើន ដើម្បីចូលរួមរែកពន់ការងាររបស់កងកម្លាំងនគរបាលជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំបន្ថែមទៀតដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវគោរពឱ្យបាននូវបទវិន័យរបស់កងកម្លាំងនគរបាលជាតិក្នុងពេលដែលកំពុងសិក្សា រក្សាសេចក្ដីថ្លៃថ្នូរ កិត្តិយស ជូនជាតិមាតុភូមិ និងពេលដែលត្រឡប់មកវិញ ត្រូវចែករំលែកនូវបទពិសោធ ចំណេះ ជំនាញល្អៗ ដល់ប្អូនៗជំនាន់ក្រោយ និងត្រូវចងក្រងទុកជាមេរៀន ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហានានាដែលមានការប្រឈមជាក់ស្តែង។ បើតាមរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឆ្នាំ សិក្សា២០២៤-២០២៥ សាធារណរដ្ឋតួកគី បានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ៨កន្លែង (ជំនាន់ទី១) ក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤កន្លែង សិក្សារយៈពេល ២ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ ចំនួន ៤កន្លែង សិក្សារយៈពេល ៥ឆ្នាំ នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល នៃបណ្ឌិត្យសភានគរបាលជាតិតួកគី។ ដោយឡែក ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានបន្តថា សាធារណរដ្ឋតួកគី ក៏បានផ្តល់អាហារូបករណ៍ បន្ថែមទៀតដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ១០កន្លែង (ជំនាន់ទី២) មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ៥កន្លែង នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល។ សរុបទាំង២ជំនាន់ សាធារណរដ្ឋតួកគី បានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ១៨កន្លែង ស្មើនឹងនិស្សិត ចំនួន ១៨រូប ក្នុងនោះមានប្រុស ១២រូប និងស្រី ចំនួន ៦រូប។សូមបញ្ជាក់ថា បណ្ឌិត្យសភានគរបាលជាតិតួកគី(TNPA) គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលទទួលខុសត្រូវលើគ្រប់ទម្រង់នៃការបណ្តុះបណ្តាលមន្រ្តីនគរបាល រួមទាំងថា្នក់ដឹកនាំកម្រិតមធ្យម និងថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុតនៃអង្គភាពនគរបាលជាតិតួកគី ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣៧ ក្រោមឈ្មោះវិទ្យាស្ថាននគរបាល និងបានប្តូរឈ្មោះជាបណ្ឌិត្យសភានគរបាលជាតិតួកគី បន្ទាប់ពីត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សាតួកគីក្នុងឆ្នាំ១៩៨៤ ហើយបានក្លាយជាសមាជិកនៃក្រុមប្រឹក្សាអន្តរសាកលវិទ្យាល័យតួកគីក្នុងឆ្នាំ២០០១ ដោយការធ្វើវិសោធនកម្មច្បាប់។ បណ្ឌិត្យសភានគរបាលជាតិតួកគី(TNPA) មានរចនាសម្ព័ន្ធចំនួន១១ រួមមាន៖ ១- មហាវិទ្យាល័យសន្តិសុខមាតុភូមិ ២- មជ្ឈមណ្ឌលបណ្តុះបណ្តាលនាយនគរបាល (PCTC) ៣- សាលាវិជ្ជាជីវៈនគរបាលនៃឧត្តមសិក្សា (PVSHE) ៤- កម្មវិធីបណ្តុះបណ្តាលមន្ត្រីនគរបាលសហគម ៥- មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល (PVTC) ៦- វិទ្យាស្ថានវិទ្យាសាស្ត្រសន្តិសុខ ៧- វិទ្យាស្ថានកោសល្យវិច័យ ៨- ការបណ្តុះបណ្តាលវគ្គវិក្រឹតការ ៩- វិទ្យាស្ថានចរាចរណ៍ ១០- សកម្មភាពអន្តរជាតិ និង ១១- ការបោះពុម្ពផ្សាយ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ខេម រៈសេរីមន្ត និងក្រុមហ៊ុន ប៉ាងណាគ្រី រៀលអ៉ីស្ទេត ឯ.ក ចាប់ដៃជាមួយ ពុះដីឡូលក់លើផ្ទៃដីជាង២០០ហិកតា នៅតំបន់ជាយដែន ស្រុកម៉ាឡៃ (សហការី)
ដីព្រៃរបស់រដ្ឋជិត១០០ហិចតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កំពុងរងការបំផ្លាញយ៉ាងអាណាធិបតេយ្យ ពីសំណាក់ឈ្មួញខិលខូច (សហការី)
ជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនជនជាតិថៃចំនួន០៧នាក់ ក្នុងនោះប្រុស០១នាក់លួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជាដោយខុសច្បាប់!!! (សហការី)
រដ្ឋបាលខេត្តកោះកុងបន្តទទួល ការឧបត្ថម្ភពីសប្បុរសជននានាជាបន្តបន្ទាប់ (សហការី)
មេខ្សល់ចំនួន២នាក់ក្រោយពីសមត្ថកិច្ចចាប់ខ្លួនបាននិងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់ ()
វីដែអូ