កាប់ទន្ទ្រានដីព្រៃសហគមន៍នៅស្រុកកូនមុំ អាជ្ញាធរហាក់រក្សាភាពស្ងៀមស្ងាត់។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍មកថា មានករណីកាប់ទន្ទ្រានដីព្រៃសហគមន៍
(ខេត្តរតនគិរី) កាប់ទន្ទ្រានដីព្រៃសហគមន៍នៅស្រុកកូនមុំ អាជ្ញាធរហាក់រក្សាភាពស្ងៀមស្ងាត់។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានរាយការណ៍មកថា មានករណីកាប់ទន្ទ្រានដីព្រៃសហគមន៍ ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន ស្ថិតក្នុងភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ បញ្ហានេះកំពុងបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង ទៅលើចំណាត់ការរបស់អាជ្ញាធរ និងមន្ត្រីជំនាញក្នុងតំបន់។ ការកាប់ឆ្ការ និងទន្ទ្រានយកដីព្រៃដែលជាសម្បត្តិសហគមន៍ មកធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួន។ប្រជាពលរដ្ឋដែលស្រលាញ់ធម្មជាតិមានការព្រួយបារម្ភថាធនធានធម្មជាតិ និងដីព្រៃសហគមន៍កំពុងរងការបាត់បង់ជាបន្តបន្ទាប់ បើពុំមានការទប់ស្កាត់ទាន់ពេលវេលា។ ប្រភពបានកត់សម្គាល់ថា អាជ្ញាធរ និងមន្ត្រីជំនាញហាក់បីដូចជាពុំសូវយកចិត្តទុកដាក់ ឬអាចដឹងហើយ ប៉ុន្តែបែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការបំភ្លឺ ពីអាជ្ញាធរឃុំ ស្រុក ឬមន្ត្រីជំនាញពាក់ព័ន្ធបាននៅឡើយទេ ដោយសារមិនទាន់មានលេខទូរសព្ទសម្រាប់ទំនាក់ទំនង។ "យើងខ្ញុំរង់ចាំការបកស្រាយ និងការបំភ្លឺពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធនៅរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីតម្លាភាព និងការពិតនៃបញ្ហានេះ។"អង្គភាពយើងខ្ញុំនឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីជម្រាបជូនសាធារណជនឱ្យបានជ្រាបជាបន្តទៀត ប្រសិនបើមានការបកស្រាយ ឬប្រតិកម្មណាមួយពីមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។ ដោយនាគមាស